Thursday, February 2, 2012


សមាគមគីមីកម្ពុជា


សមាគមគីមីកម្ពុជា (ស គ ក) ជាអង្គការសង្គមស៊ីវិលវិជ្ជាជីវៈមួយ ដែលទើបនឹងចាប់បដិសន្ធិឡើង ក្នុងគោលដៅរួមគឺ ជម្រុញ និងធ្វើឲ្យកាន់តែប្រសើរឡើងដល់ការរួមចំណែក ដែលមិនអាចខ្វះបានរបស់វិស័យវិទ្យាសាស្រ្តគីមីក្នុងការអភិវឌ្ឍជាតិ តាមរយៈការប្រើប្រាស់ធនធានទាំងឡាយដែលមាន។






សមាគមគីមីកម្ពុជា (ស គ ក) មានចក្ខុវិស័យ បេសកកម្ម និងគោលបំណង ដូចខាងក្រោមៈ



ចក្ខុវិស័យ


សមាគមគីមីកម្ពុជា (ស គ ក) ចង់ឃើញវិទ្យាសាស្រ្តគីមី និងអ្នកគីមីព្រមជាមួយអ្នកសិក្សាគីមីកម្ពុជា មានការអភិវឌ្ឍ និងរីកចំរើនចំណេះដឹង និងបំណិនការងារ ដែលអាចបំពេញបានតាមតម្រូវការសិក្សាស្រាវជ្រាវ របស់សិស្ស និស្សិត បញ្ញវ័ន្ត និងការប្រើប្រាស់តាមទីផ្សារការងារ និងផលិតកម្ម ដូចនៅអរិយប្រទេសនានា លើពិភពលោក។
ស គ ក ប្រកាន់នូវគោលការណ៏គីមីបៃតង ដើម្បីសន្សំសំចៃ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ ថែរក្សាបរិស្ថាន និងសុវត្ថិភាពនៃជីវិត។ 




បេសកកម្ម


សមាគមគីមីកម្ពុជា មានបេសកកម្ម អភិវឌ្ឍវិស័យវិទ្យាសាស្រ្តគីមី និងអ្នកមានជំនាញពាក់ព័ន្ធនៅកម្ពុជា តាមរយៈការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តគីមី អភិវឌ្ឍសមត្ថភាពជំនាញនៃអ្នកគីមីនៅកម្ពុជា រៀបចំវេទិកាវិទ្យាសាស្រ្តជាតិ និងអន្តរជាតិស្តីពីការស្រាវជ្រាវគីមី និងវិស័យពាក់ព័ន្ធ ហើ្យនិងជំរុញការអភិវឌ្ឍ និងផ្សព្វផ្សាយ ឯកសារជាភាសាជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃការយល់ដឹង និងសិក្សាមុខជំនាញនេះសម្រាប់បម្រើឲ្យ សេចក្តីត្រូវការរបស់សង្គមជាតិ និងមនុស្សជាតិទាំងមួល។


 គោលបំណង


សមាគមគីមីកម្ពុជា មានគោលបំណងចំបងៗដូចតទៅៈ
  • ជំរុញ និងសម្របសម្រួលការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តគីមី របកគំហើញ ឫប្រធានបទថ្មីៗ និងដែលមានស្រាប់ហើ្យកំពុងពេញនិយមប្រើប្រាស់
  • បង្កនូវវេទិកាជួមគ្នាដើម្បីផ្លាស់ប្តូររបកគំហើញចំណេះដឹង និងបទពិសោធន៏ថ្មីៗក្នុងចំណោមអ្នកគីមីជាតិ និងអន្តរជាតិ
  • ពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់ លោកគ្រូ អ្នកគ្រូ សាស្រ្តចារ្យ សិស្ស និស្សិត និងបញ្ញវ័ន្តខ្មែរតាមរយៈការកែលម្អ និងអភិវឌ្ឍផ្នែកវិទ្យាសាស្រ្តគីមី ទីពិសោធ កម្មវិធីសិក្សា វិធីសាស្រ្តស្រាវជ្រាវ និងវិធីសាស្រ្តរៀន និងបង្រៀនថ្មីៗនៃផ្នែកគីមី
  • បង្កើត ចងក្រង និងផ្សព្វផ្សាយនូវរបកគំហើញថ្មីៗ និងចំណេះដឹងមានប្រយោជន៏ជាមូលដ្ឋានផ្នែកវិទ្យាសាស្រ្តគីមីតាមមធ្យោបាយនានា ដែលអាចធ្វើទៅបាន។   

No comments:

Post a Comment