Sunday, February 5, 2012


ពិធីប្រកាសដំណើរការ សមាគមគីមីកម្ពុជា និងសន្និសីទស្តីពី គីមីនិងជីវិត


កាលពីថ្ងៃទី ១៩ និង២០ ខែសីហា ឆ្នាំ ២០១០ កន្លងមកនេះសមាគមគីមីកម្ពុជា សហការជាមួយផ្នែកគីមីនិងចំណីអាហារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជាក្រោមជំនួយឧបត្តម្ភថវិកាដោយអង្គការយូណេស្កូហ្សាការតាប្រទេសឥណ្ឌូណេស៊ី បានរៀបចំពីធីប្រកាសដំណើរការ សមាគមគីមីកម្ពុជា និងសន្និសីទស្តីពី គីមី និងជីវិត នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិមរាជធានីភ្នំពេញ។ សមាជិកដែលបានអញ្ចើញចូលរួមមានចំនួនសរុប ២០៧នាក (ស្រី ៩៩ និងប្រុស ១០៨) ដែលជាគ្រូបង្រៀន មុខវិជ្ជាគីមី នៅតាមវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ សាស្រ្តាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទសកិកម្ម វិទ្យាស្ថានជាតិអប់រំ និស្សិតសាកលវិទ្យាល័យ មន្រ្តីនៃរាជបណ្ឌិត្យសភាកម្ពុជា សមាជិកសមាជិកាសមាគមគីមីកម្ពុជា តំណាងសហព័ន្ធសមាគមគីមីអាស៊ាន និងសមាគមគីមីកូរ៉េ មន្រ្តីស្ថាប័នពាក់ព័ន្ធដូចជា នាយកដ្ឋានកាំកុងត្រូល អង្គការសេដាក អង្គការ JICA អង្គការយូណេស្កូភ្នំពេញ និងអ្នកសារព័តមាន។ លោកជំទាវបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិតសភាកម្ពុជាក៏បាន ផ្តល់កិត្តិយសចូលរួមក្នុងពិធីប្រកាសបើកសន្និសីទនេះផងដែរ។ 

ក្នុងឪកាសនោះ បណ្ឌិត សៀង ហ៊ុយ ប្រធានផ្នែកគីមី និងចំណីអាហារនៃរាជបណ្ឌិត្យសភាកម្ពុជា និងជានាយិកាសមាគមគីមីកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៏ និងរៀបរាប់អំពីដំណើរ ការបង្កើត និងរចនាសម្ព័ន្ធគ្រប់គ្រងសមាគមជូនដល់អង្គសន្និសីទឲ្យបានជ្រាប។ បន្ទាប់មកឯកឧត្តមបណ្ឌិត នេត បារ៉ុម អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមគីមីកម្ពុជាបានមានប្រសាសន៏ថា ការរីកចំរើនលោតផ្លោះរបស់វិទ្យាសាស្រ្តបច្ចេកវិទ្យានៅសតវត្សទី ២០ និង២១បាននាំមកនូវភាពសំបូររុងរឿងដល់ជីវិតមនុស្សជាតិនៅប្រទេសជឿនលឿនយ៉ាងលើសលប់ ជាពិសេសសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមរបស់គេ។ ទន្ទឹមនឹងនេះ វាក៏អាចគម្រាមកំហែងដល់សុវត្ថិភាពមនុស្ស បរិស្ថាន និងចីរភាពនៃការអភិវឌ្ឍ ជាពិសេស ចំពោះប្រទេសកំពុងអភិវឌ្ឍន៏ដោយសារលទ្ធភាព គ្រប់គ្រងត្រួតពិនិត្យ និងការអនុវត្តក្រមសីលធម៌វិទ្យាសាស្រ្តនៅអន់ខ្សោយ។ ឯកឧត្តម ក៏បានមានប្រសាសន៏ថា ការបង្កើតសមាគមវិជ្ជាជីវៈនេះឡើង គឺដើម្បីប្រមូលផ្តុំអ្នកមានជំនាញដូចគ្នាដើម្បីរួមគ្នាធ្វើការអភិវឌ្ឍផ្នែកបច្ចេកទេសគីមីនេះឲ្យបានរីកចម្រើន។

សាស្រ្តាចារ្យបណ្ឌិត ខេ ប៊ីយូន តំណាងសហព័ន្ធសមាគមគីមីអាស៊ាន និងសមាគមគីមីកូរ៉េបានសម្តែងនូវការ កោតសរសើរនិងសប្បាយរីករាយ នៅពេលដែលលោកបានឃើញសមាគមគីមីកម្ពុជាត្រូវបានកើតឡើង និងចាប់ផ្តើមដំណើរការនៅថ្ងៃនេះ។ លោកក៏បានពាំនាំពាក្យអបអរសាទរ ពីសំណាក់លោកប្រធានសហព័ន្ធសមាគមគីមីអាស៊ាន និងសមាគមគីមីកូរ៉េ ដែលធ្លាប់តែជួយគាំទ្រដើម្បីឲ្យកម្ពុជាបង្កើតសមាគមនេះឡើង។ លោកក៏បានលើកទឹកចិត្តដល់សមាគមគីមីកម្ពុជាឲ្យខិតខំជំរុញ និងអភិវឌ្ឍផ្នែកវិទ្យាសាស្រ្តគីមី ហើ្យលោកក៏មានសង្ឍឹមថាសមមាគគីមីកម្ពុជា នឹងអាចត្រូវបានចូលជាសមាជិកនៃសហព័ន្ធសមាគមគីមីអាស៊ាននៅពេលខាងមុខនេះ។ លោកបានប្រគល់នូវផ្លាកសញ្ញាអបអរសាទរ និងកិច្ចប្រតិបត្តិការបស់សហព័ន្ធសមាគមគីមីអាស៊ាន និងសមាគមគីមីកូរ៉េដល់សមាគមគីមីកម្ពុជា ជាកិត្តិយសផងដែរ។

លោកប្រធានអង្គការយូណេស្កូប្រចាំនៅកម្ពុជាបានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការបង្កើតសមាគមគីមីកម្ពុជានៅថ្ងៃនេះ។ លោកក៏បានលើកឡើងថា យូណេស្កូធ្លាប់បានផ្តល់ជំនួយជាច្រើនដល់ផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យាដូចជា បានឧបត្តមលើការងារបណ្តុះបណ្តាលអំពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់អ្នកសារពត៌មានដើម្បីឲ្យអ្នកទាំងនោះជួយផ្សព្វផ្សាយបន្តនូវចំណេះដឹងទាំងនេះដល់ប្រជាពលរដ្ឋ។ ក្រៅពីនេះក៏មានកម្មវិធីបញ្ចាំងខ្សែភាពយន្តស្តីពីវិទ្យាសាស្រ្តនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។ លោកបានបន្ថែមថា យូណេស្កូក៏បានឧបត្ថម្ភដល់ការអភិវឌ្ឍ និងការអភិរក្សជានិរន្តនូវប្រភពធនធាននៅតំបន់ការពារជីវចម្រុះអាងទន្លេសាប ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ កន្លងមកនេះ។

លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានសម្តែងនូវការគាំទ្រដល់ការបង្កើតសមាគមគីមី និងការរៀបចំសន្និសីទនេះឡើង។ លោកជំទាវក៏បាន លើកឡើងពីបទពិសោធន៏មួយចំនួនរបស់លោកជំទាវដែលទាក់ទង នឹងផ្នែកវិទ្យាសាស្រ្តនេះ និងជម្រុញលើកទឹកចិត្តដល់អ្នកវិទ្យាសាស្រ្តទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវដើម្បីពង្រឹងផ្នែកវិទ្យាសាស្រ្តនេះ ឲ្យបានរីកចម្រើនដូចប្រទេសជិតខាង។

No comments:

Post a Comment